Enter your keyword

Cambodian Student brings pride and ICES Student of the Year Award to the Kingdom

យុវសិស្ស​ហ្គូយ​ជីហុក​នាំ​មោទនភាពឲ្យកម្ពុជា​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​​ICES​ឆ្នើម​ប្រចាំឆ្នាំ

នៅក្នុងសន្និសីទបណ្តុះបណ្តាលប្រចាំឆ្នាំរបស់សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ​(ហៅកាត់ថា​ICES)​នៅទីក្រុងឡាសវេហ្គាស​សហរដ្ឋអាមេរិក​ដែលត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍​ទី២៦​ខែមិថុនា​ឆ្នាំ២០២១​ពិធីករបានត្រៀមប្រកាសអ្នកឈ្នះរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំរបស់​ICES​។​នេះ​គឺជាពានរង្វាន់ដ៏មានកិត្យានុភាពរបស់សិស្ស​ផ្លាស់ប្តូរការសិក្សានៅបរទេស​ដែលត្រូវ​បាន​ផ្តល់​ចំពោះ​សិស្ស​ដែល​បង្ហាញ​នូវការ​ខិតខំ​ប្រឹងប្រែង​ជាពិសេស​ក្នុងភាព​សកម្ម​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី។​

យុវសិស្ស​ហ្គូយ​ជីហុក​ជាសិស្សផ្លាស់ប្តូរការសិក្សាមកពីប្រទេសកម្ពុជា​និងកំពុងកាន់ទូរសព្ទថត​ការ​ប្រកាសនេះ​ដោយរំពឹងថា​នឹងឮឈ្មោះរបស់អ្នកដទៃ​ប៉ុន្តែបែរជាឈ្មោះគេទៅវិញ​ដែលត្រូវបាន​​​​ប្រកាស។​ស្នាមញញឹមដ៏ធំមួយបានលេចឡើងនៅលើមុខរបស់គាត់​នៅពេល​បានក្រោកពីកៅអី​ដោយមានទំនុកចិត្ត​ហើយបានដើរទៅលើឆាក​ដើម្បីទទួលយកពានរង្វាន់កិត្តិយសនេះ។

ក្នុងចំណោមសិស្សជិត​១​៧០០​នាក់​ដែលកំពុងសិក្សាលើកម្មវិធីផ្លាស់ប្តូរការសិក្សារបស់​ICES​នៅ​សហរដ្ឋអាមេរិក​ជីហុក​គឺជាសិស្សតែម្នាក់គត់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់នេះ។​

យុវសិស្ស​ជីហុក​បាននិយាយបន្ទាប់ពីព្រឹត្តិការណ៍នេះថា៖​«ខ្ញុំមិនដែលគិតថា​ខ្ញុំនឹងត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំនោះទេ​វាពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែនសម្រាប់ខ្ញុំ»។​

ជីហុក​គឺជាសិស្សដំបូងគេ​មកពីប្រទេសកម្ពុជា​ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សានៅ​ក្រៅប្រទេស​តាមរយៈអាយស៊ីអ៊ីអេសខេមបូឌា​(ICES​Cambodia)។​

ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនៃកម្មវិធី​នៅក្នុងប្រទេសកម្ពុជា​រូបគេបានខិតខំជួយជំរុញកម្មវិធីផ្លាស់ប្តូរការសិក្សា​និងលើកទឹកចិត្តដល់យុវវ័យដទៃទៀតឱ្យបន្តការចូលរួម​នៅ​ក្នុង​កម្មវិធី​ដែលផ្លាស់ប្តូរបទពិសោធន៍ក្នុងជីវិតនេះ។

បន្ទាប់ពីសិក្សាមួយឆ្នាំនៅសហរដ្ឋអាមេរិក​ជីហុក​បាននិយាយថា​បទពិសោធន៍​ថ្មីនៅទីនេះបានផ្លាស់ប្តូររូបគេពីក្មេងប្រុសម្នាក់ដែលខ្មាសអៀន​ដែលមិនហ៊ាននិយាយរកមនុស្សថ្មី​ទៅជាយុវជនដែលរួសរាយរាក់ទាក់​និងបើកចំហ​ដែលមនុស្សដទៃរីករាយក្នុងការនិយាយជាមួយ។​

ជីហុក​បានបន្តថា៖​«បើត្រឡប់មើលទៅក្រោយវិញ​ខ្ញុំមានអារម្មណ៍ថាខ្ញុំបានផ្លាស់ប្តូរច្រើនក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក។​ខ្ញុំជឿថាការផ្លាស់ប្តូរបទពិសោធន៍​ពិតជាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំបាន​ល្អ​ពិតមែន»។

អ្នកស្រី​Tricia​Cason​Evans​ជាម្តាយចិញ្ចឹមរបស់​ជីហុក​នៅសហរដ្ឋអាមេរិក​បាននិយាយថា​អ្នកស្រី​និងក្រុមគ្រួសារ​ពិតជាមានមោទក​ភាពចំពោះ​ជីហុក​ណាស់។

លោកស្រី​Tricia​បាននិយាយថា៖​«យើងមានមោទនភាពយ៉ាងខ្លាំងចំពោះ​ជីហុក!​កំឡុ​ងពេលគេនៅសហរដ្ឋអាមេរិក​គេមានភាពជឿជាក់​និងភាពឯករាជ្យ។​

គេគឺជាយុវជនម្នាក់​ដែលសុភាពរាបសា​​ខិតខំប្រឹងប្រែងរៀន​និងស្មោះត្រង់​។​គេតែងតែមានកន្លែងពិសេសមួយនៅក្នុងដួងចិត្តរបស់យើង​ហើយត្រូវបានស្វាគមន៍នៅផ្ទះរបស់យើងគ្រប់ពេល»។

លោកស្រី​និងស្វាមីរបស់​លោកស្រី​បានស្ម័គ្រចិត្តធ្វើជាគ្រួសារចិញ្ចឹមរបស់សិស្សអន្តរជាតិជារៀងរាល់ឆ្នាំ​ហើយពួកគេមិនដែលគិតថានឹងបោះបង់ចោលការស្ម័គ្រចិត្តនេះឡើយ។

លោកស្រីបាននិយាយថា៖​«មូលហេតុដែលក្រុមគ្រួសាររបស់យើងបានសម្រេចចិត្តធ្វើជាគ្រួសារចិញ្ចឹមរបស់​សិស្សផ្លាស់​​​​​​ប្តូរការ​សិក្សា​និងបន្តធ្វើវាជារៀងរាល់ឆ្នាំ​គឺយើងចង់ជួយឱ្យក្តីសុបិនរបស់សិស្សទាំងនោះ​ក្លាយជាការពិត​និងដើម្បីបង្កើតទំនាក់ទំនងដែលនឹងមានរយៈពេលមួយជីវិត»។​

នៅថ្ងៃតែមួយដែល​ជីហុក​ទទួលបានពានរង្វាន់កិត្តិយសនេះ​ស្ថាប័ន​ICES​USA​ក៏បានប្រារព្ធខួបលើកទី​៣០​របស់ខ្លួនផងដែរ​។​ដោយ​ត្រូវ​បាន​ផ្តើមដោយក្រសួងការបរទេសសហរដ្ឋអាមេរិក​ដែលជាកម្មវិធីផ្លាស់ប្តូរអ្នកទស្សនា​ICES​គឺជាសមាជិកធម្មនុញ្ញនៃក្រុមប្រឹក្សាស្តង់ដាសម្រាប់ការធ្វើដំណើរសម្រាប់គោលបំណងអប់រំអន្តរជាតិ​(CSIET)​និងបានដំណើរការកម្មវិធីផ្លាស់ប្តូរការសិក្សាសិស្សនៅកម្រិតវិទ្យាល័យនេះដោយជោគជ័យអស់រយៈពេល៣០ឆ្នាំមកហើយ​ដោយ​ផ្តល់ឱកាស​ឱ្យសិស្សអន្តរជាតិបានស្នាក់នៅជាមួយគ្រួសារចិញ្ចឹមស្ម័គ្រចិត្ត​និងសិក្សានៅវិទ្យាល័យក្នុងសហរដ្ឋអាមេរិក។

លោកស្រី​Eun​Lee​មន្រ្តីទំនាក់ទំនងអន្តរជាតិជាន់ខ្ពស់​ទទួលបន្ទុកកម្មវិធីផ្លាស់ប្តូរការសិក្សានៅ​ICES​Cambodia​បានថ្លែងថា​ជីហុក​សក្តិសមនឹងទទួលបានពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់គេ​ជាពិសេសគេបានចាកចេញពីការរស់នៅប្រកបដោយ​ផាសុកភាពនៅក្នុងផ្ទះរបស់ខ្លួន​ហើយឱបក្រសោបការផ្លាស់ប្តូរ​និងការព្យាយាមទទួល​បទពិសោធន៍​ថ្មីៗ​។

​លោកស្រី​Eun​Lee​ដែលជាអតីតសិស្សផ្លាស់ប្តូរការសិក្សានៅបរទេសម្នាក់ដែរ​បានលើកឡើងថា៖​«ខ្ញុំសង្ឃឹមថា​ចង់​ឃើញសិស្សានុសិស្សកម្ពុជាកាន់តែច្រើនចេញទៅតំណាងប្រទេសកម្ពុជា​ហើយមិនត្រឹមតែរៀនអំពីអ្នកដទៃប៉ុណ្ណោះទេ​ប៉ុន្តែពួកគេក៏នឹងណែនាំវប្បធម៌ខ្មែរដល់ប្រជាជនមកពីប្រទេសផ្សេងៗផងដែរ»​។

លោកវេជ្ជបណ្ឌិត​គួច​ម៉េងលី​អ្នកជំនាញអប់រំល្បីឈ្មោះមួយរូបនៅកម្ពុជា​បានមានប្រសាសន៍ថា​តាមរយៈការឈ្នះពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំរបស់​ICES​ជីហុក​មិនត្រឹមតែនាំមកនូវមោទកភាពដល់គ្រួសាររបស់គេប៉ុណ្ណោះទេ​ប៉ុន្តែក៏នាំមកនូវកេរ្តិ៍ឈ្មោះល្អសម្រាប់ប្រទេសកម្ពុជា​និងវិស័យអប់រំនៅកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត​គួច​ម៉េងលី​បន្តថា៖​«សមិទ្ធិផលរបស់គេបង្ហាញថា​សិស្សានុសិស្សកម្ពុជាក៏ពូកែដូចបណ្តាសិស្សមកពីទូទាំងពិភពលោក​រួមទាំងសិស្សមកពីប្រទេសជឿនលឿនផងដែរ»។

លោកវេជ្ជបណ្ឌិត​គួច​ម៉េងលី​បានអំពាវនាវឱ្យឪពុកម្តាយ​និងអាណាព្យបាលបន្ថែមទៀតឱ្យចូលរួមចុះឈ្មោះកូនៗរបស់ពួកគេដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក​ឬប្រទេសអភិវឌ្ឍ​ផ្សេងទៀត​ដូចជាប្រទេសកាណាដា​និងជប៉ុន​ជាដើម​ដើម្បីទទួលបាននូវបទពិសោធ​ន៍ថ្មីៗ​ដែលអាចជួយសិស្សឱ្យមើលឃើញពិភពលោកពីទស្សនវិស័យថ្មីៗ។​

លោកនិយាយថា៖​«ការអប់រំ​គឺជាចំណុចសំខាន់នៃការសិក្សានៅបរទេស​ហើយការជ្រើសរើសកម្មវិធីត្រឹមត្រូវ​គឺជាកត្តា​សំខាន់។​ដូច្នេះសូមជ្រើសរើស​និងពិគ្រោះជាមួយស្ថាប័ន​ឬអង្គការដែលអ្នកអាចទុកចិត្តបាន»​។

លោកបន្តថា៖​«ការ​ធ្វើ​បែបនេះនឹងផ្តល់ឱ្យអ្នកនូវមធ្យោបាយ​និងធនធាន​ដែលឪពុកម្តាយត្រូវការ​ដើម្បីធ្វើការសម្រេចចិត្តបានល្អខណៈកូនៗរបស់ពួកគាត់​នឹងរកឃើញជោគជ័យនៅក្នុងការសិក្សា​រយៈបទពិសោធ​ន៍សិក្សា​នៅ​ក្រៅប្រទេស»។​

ជីហុក​ក៏បានអំពាវនាវឱ្យសិស្សដទៃទៀតនៅក្នុងប្រទេសកម្ពុជាដើរតាមគន្លងរបស់គេផងដែរ។

គេបាននិយាយថា៖​«​នឹងមានភាពខុសគ្នាជាច្រើន​ដូចជាភាពខុសគ្នានៃការយល់ដឹងជាដើម​ដូច្នេះអ្នកត្រូវតែស្គាល់គ្នា​និងស្វែងយល់ពីគ្នាទៅវិញទៅមក។

​ដល់ពេលដែលត្រូវស្វែងរក​«រូបថ្មីរបស់អ្នកហើយ»។​

 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណើរការ​នៃការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយ​ICES​Cambodia​ក៏ដូចជាតម្លៃរបស់កម្មវិធី​ក៏ដូចជាដំណើរការដាក់ពាក្យ​សុំសូមទាក់ទងមកកាន់លេខទូរសព្ទ​០៧៧​៧៧៧​២៤៤​ឬ​០៩៨​៦៨៦​៩០១៕