Enter your keyword

ICES Cambodia Exchange Students Explore Thanksgiving in the U.S.

សិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអ៊ីអេស (ខេមបូឌា) ចែករម្លែក​ពីការចូលរួមក្នុងទិវានៃការដឹងគុណ (Thanksgiving) នៅសហរដ្ឋអាមេរិក

ខណៈដែលពិធីបុណ្យណូអែល និងបុណ្យហាឡូវីន គឺជាថ្ងៃបុណ្យឈប់សម្រាកធំៗប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកក៏ដោយក្ដី​​ ប៉ុន្តែពិធីបុណ្យដែលត្រូវ​បាន​គេ​ចាត់ទុកថាជាបុណ្យដែលមានលក្ខណៈ បែបអាមេរិកជាងគេបំផុតនោះគឺ ទិវានៃការដឹងគុណ (Thanksgiving)។ 

ទិវានៃការដឹងគុណ (Thanksgiving) ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍ន៤ នៃខែវិច្ឆិកា គឺជាថ្ងៃបុណ្យជាតិដែលឧទ្ទិសទៅដល់ប្រជាជនដែលបានមកតាំងទីលំនៅដំបូងគេ​នៅ​អាមេរិក ក៏ដូចជាជនជាតិដើមអាមេរិកដែលបានធ្វើការប្រមូលផលដំណាំផ្សេងៗផងដែរ ដែលការឧទ្ទិសនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងពិធីបុណ្យសែនលោកខែ ឬបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះនៅបណ្តាប្រទេសភាគខាងកើត។

ជាទូទៅ នៅការិយាល័យរដ្ឋាភិបាល អាជីវកម្មនានា សាលារៀន សាកលវិទ្យាល័យ មហាវិទ្យាល័យ និងអង្គការផ្សេងៗទៀតត្រូវបានបិទនៅថ្ងៃបុណ្យនេះ ហើយអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេឈប់សម្រាករយៈពេល ៤ ថ្ងៃដើម្បីអបអរសាទរពិធីបុណ្យនេះ។

នៅ​ក្នុងឱកាសនេះ ជនជាតិអាមេរិកជាច្រើនធ្វើដំណើរទៅលេងគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ហើយរីករាយជាមួយការជប់លៀងទទួលទានអាហារពេលល្ងាចរួមគ្នាដែល​ជា​ផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យប្រពៃណីជាតិនេះ។ សម្រាប់អាហារពេលល្ងាចត្រូវបានរួមបញ្ចូលអាហារមួយចំនួនដែលគេនិយមទទួលទានក្នុងពិធីបុណ្យនេះដំបូងតាំងពីឆ្នាំ ១៦២១ ដែលមានដូចជា មាន់ទួរគីដុត ទឹកជ្រលក់ធ្វើ​ពី​ផ្លែក្រេនប៊ើរី (Cranberry) ដំឡូងបារាំង និងនំផាយធ្វើ​ពីផ្លែល្ពៅជាដើម។ 

មុនពេលទទួលទានអាហារ ក្រុមគ្រួសារ ឬមិត្តភក្តិទាំងអស់ត្រូវថ្លែងអំណរគុណចំពោះពរជ័យរបស់ពួកគេ រួមទាំងភាពសប្បាយរីករាយក្នុងការដែលអាចមកជួបជុំគ្នាសម្រាប់ឱកាសនេះផងដែរ។

ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ សិស្សផ្លាស់ប្តូរការសិក្សាជំនាន់ទី២ របស់អាយស៊ីអ៊ីអេស (ខេមបូឌា) ទទួលនូវបទពិសោធន៍ផ្ទាល់ដោយដឹងពីរបៀបនៃការប្រារព្ធទិវានៃការដឹងគុណនៅសហរដ្ឋអាមេរិក​។ ពួកគេទាំងអស់គ្នា ពិតជាសប្បាយរីករាយនឹងពិធីបុណ្យនេះខ្លាំងណាស់ រួមទាំងចង់ចែករំលែករឿងរ៉ាវជាច្រើនដែលពួកគេបានដឹងទៅដល់មិត្តភក្ដិ និងសាច់ញាត្តិរបស់ពួកគេនៅពេលដែលត្រឡប់មកកម្ពុជាវិញក្រោយពីបញ្ចប់ឆ្នាំផ្លាស់ប្តូរការសិក្សាផងដែរ។ 

យុវតី អៀ ជាលាង ដែលកំពុងតែសិក្សានៅវិទ្យាល័យ Mustang ក្នុងរដ្ឋអូក្លាហូម៉ា បានភ្លក្សរសជាតិអាហារប្រពៃណីរបស់អាមេរិកជាច្រើនមុខ ដោយក្នុងនោះមានដូចជា មាន់ទួរគីដុត សាច់ហេម Casserole និងនំផាយ។ ពិសេសជាងនេះទៅទៀត ថ្ងៃបុណ្យ​នេះពិតជាធ្វើឱ្យនាងមានការដឹងគុណយ៉ាងខ្លាំង ចំពោះអ្វី​ដែល​នាង​ទទួល​បាន​នៅ​ក្នុងជីវិតរបស់នាង។ 

នាងបាននិយាយថា៖ «ទិវានៃការដឹងគុណ គឺសំដៅទៅលើការចំណាយពេលវេលាប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសារ ក៏ដូចជាការថ្លែងអំណរគុណចំពោះអ្វីដែលធ្វើឱ្យ​អ្នកមានអំណរ។

ឆ្នាំនេះ ខ្ញុំពិតជា​មានអំណរអរគុណចំពោះរាល់ពេលវេលាដែលបានចំណាយ ជីវិតរស់នៅដែលខ្ញុំមាន និង គ្រួសាររបស់ខ្ញុំផងដែរ»។

ទន្ទឹមនឹងនេះ យុវតីម្នាក់ទៀត ឈ្មោះ ចំរើន អមរា ដែលកំពុងចូលរួម​ក្នុងកម្មវិធី​ផ្លាស់​ប្តូរការសិក្សា​នៅរដ្ឋ​អូក្លាហូម៉ាបាន​និយាយ​ថា នាង​ពិតជាមាន​ពេល​វេលា​ដ៏​អស្ចារ្យ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ចិញ្ចឹម (Host Family) របស់​នាង។ សម្រាប់​យុវតីរូបនេះ ឆ្នាំផ្លាស់ប្តូរការសិក្សារបស់នាង​គឺមានលក្ខណៈ «អស្ចារ្យជាង​អ្វី​ដែល​នាងបានរំពឹងទៅទៀត»។

អមរាបានបន្ថែមថា៖ «ខ្ញុំសូមអរគុណចំពោះក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ដែលបានគាំទ្រខ្ញុំក្នុងឱកាសដើម្បីមកសិក្សានៅសហរដ្ឋអាមេរិកនេះ ក៏ដូចជាមិត្តភាពទាំងអស់ដែលខ្ញុំមានកន្លងមក ខ្ញុំនឹងមានអំណរគុណសម្រាប់ពួកគេជារៀងរហូត»។

ជាមួយគ្នានេះផងដែរ សិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអ៊ីអេស​ (ខេមបូឌា) ពីរនាក់ផ្សេងទៀតគឺ សាំង សូណាឡែន និងសំអាត រ័ត្នរាជិនី ក៏បានបង្ហាញការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលបានចូលមកក្នុងជីវិតរបស់ពួកគេក្នុងទិវានៃការដឹងគុណឆ្នាំនេះផងដែរ។ 

រាជិនីបានលើកឡើងថា៖ «ឆ្នាំនេះ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ក្រុមគ្រួសារ មិត្តភក្តិរបស់ខ្ញុំ ឱកាសដែលខ្ញុំបានក្លាយជាសិស្សផ្លាស់ប្តូរការសិក្សាតាមរយៈអាយស៊ីអ៊ីអេស​ (ខេមបូឌា) គ្រួសារចិញ្ចឹមរបស់ខ្ញុំ មិត្តភក្តិនៅក្រៅប្រទេសទាំងអស់ ហើយនិងអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាននៅពេលនេះ!» 

រីឯសូណាឡែនវិញបាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណទៅដល់គ្រួសារបង្កើត ក៏ដូចជាគ្រួសារចិញ្ចឹមរបស់ខ្ញុំដែលបានជួយខ្ញុំឱ្យសម្រេចក្តីសុបិននេះក្នុងការមកសិក្សានៅសហរដ្ឋអាមេរិក ហើយវាក៏ជាឆ្នាំដែលខ្ញុំមិនអាចបំភ្លេចបាន ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់ខ្ញុំ។ ខ្ញុំ​ក៏សូមអរគុណ​ចំពោះ​មិត្តភក្ដិ និង​គ្រូ​បង្រៀនរបស់​ខ្ញុំ​ដែល​បាន​ធ្វើ​ឱ្យ​ឆ្នាំ​សិក្សាមួយនេះមិន​អាច​បំភ្លេច​បាន​»។

ការប្រារព្ធពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតនៅបណ្ដាប្រទេសនានាអាចផ្ដល់ជាបទពិសោធន៍ដ៏រីករាយបំផុតនៃកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ ប៉ុន្តែក៏នៅមានអ្វីជាច្រើនទៀតនៅក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យក្នុងមួយជីវិតនេះផងដែរ។ ដូច្នេះតើអ្នកនៅរង់ចាំអ្វីទៀត? ចុះឈ្មោះសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយ អាយស៊ីអ៊ីអេស (ខេមបូឌា) ឥឡូវនេះ! ត្រូវចងចាំថា អ្នកឆ្លងកាត់យុវវ័យភាពតែម្តងប៉ុណ្ណោះ!  

ដើម្បីចូលរួម អ្នកត្រូវតែឆ្លងកាត់តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយ ICES Cambodia និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគ «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ) ។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេសតាមរយៈ៖ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសដែលផ្តល់ដោយ អាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស​ «C» នៅក្នុងមុខវិជ្ជាសំខាន់ៗសម្រាប់រយៈពេល៣ចុងក្រោយ)។​ចុះឈ្មោះឥឡូវនេះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7 ។ https://forms.gle/3qifKLu79f4hx5uB7.