Enter your keyword

ICES Cambodia’s First Generation Student Speaks on Life after the Exchange Year

សិស្សអាយស៊ីអ៊ីអេស (ខេមបូឌា)​ ជំនាន់ទី១ រៀបរាប់ពីជីវិតបន្ទាប់ពីបញ្ចប់ឆ្នាំផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក

នៅក្នុងបន្ទប់រៀនលេខ១៤០១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សថ្នាក់ទី១២ មួយក្រុម ដែលជាឆ្នាំចុងក្រោយមុនឈានចូលកម្រិតសកលវិទ្យាល័យ កំពុងតែរៀនម៉ោងអក្សរសាស្ត្រខ្មែរ។ ខណៈពេលដែលគ្រូបញ្ចប់ការចែករំលែកព័ត៌មានអំពីការប្រឡងថ្នាក់ជាតិនាពេលខាងមុខ សំឡេងកណ្តឹងបានបន្លឺឡើង ហើយសិស្សទាំងអស់បានចាប់ផ្តើមរៀបចំខ្លួនត្រឡប់ទៅផ្ទះវិញ។ 

ក្នុង​ចំណោម​សិស្ស​ទាំងអស់នោះ មាន​សិស្ស​ប្រុសវ័យជំទង់​ម្នាក់​ដែលមានភាពលេចធ្លោដោយគាត់មានមាឌ និងសាច់ដុំធំ ហើយមានសម្លេងធំច្បាស់ល្អ ប៉ុន្តែបើមើលទៅគាត់ហាក់ដូចជាយុវជនម្នាក់ដែលចេះដាក់ខ្លួន ខណៈពេលដែលគាត់កំពុងតែលេងជាមួយមិត្តរួមថ្នាក់របស់គាត់នៅពេលពួកគេចាកចេញពីថ្នាក់។  

សិស្សថ្នាក់ទី១២ ដែលមានវ័យ១៧ឆ្នាំរូបនេះគឺ យុវសិស្ស ហ្គូយ ជីហុក ដែលជាអតីតសិស្សផ្លាស់ប្តូរការសិក្សាអន្តរជាតិជំនាន់ទី១របស់អាយស៊ីអ៊ីអេស (ខេមបូឌា) ។

កាលពីឆ្នាំមុន ជីហុកបានហោះហើរទៅទីក្រុង Edmond នៃរដ្ឋអូក្លាហូម៉ាដែលជាកន្លែងដែលគាត់បានចំណាយពេលវេលារស់នៅជាមួយគ្រួសារចិញ្ចឹម និងជាសិស្សផ្លាស់ប្តូរការសិក្សានៅវិទ្យាល័យ Deer Creek ដែលជាសាលាជាប់ចំណាត់ថ្នាក់ស្ដង់ដារល្អ(Blue Ribbon) ដែលមានការទទួលស្គាល់ក្នុងសហរដ្ឋអាមេរិក។

ក្នុងអំឡុងឆ្នាំផ្លាស់ប្តូរការសិក្សារបស់យុវសិស្សរូបនេះបានបង្ហាញឱ្យឃើញថាខ្លួនជាសិស្សផ្លាស់ប្តូរការសិក្សាគំរូម្នាក់ដែលបានចំណាយពេលធ្វើការ និងចូលរួមក្នុងសកម្មភាពសាលា និងសកម្មភាពសង្គមគ្រប់ប្រភេទ។ គាត់ទទួលបានការស្រឡាញ់ពីមិត្តភក្តិថ្មីៗរបស់គាត់ និងគ្រួសារចិញ្ចឹមរបស់គាត់ផងដែរ នោះគឺលោក និងលោកស្រី Evans ដែលបាននាំជីហុកទៅកន្លែងជាច្រើន ក៏ដូចជាណែនាំគាត់ឱ្យស្គាល់អំពីវប្បធម៌អាមេរិក។

ជីហុកនិយាយថា៖ «ពួកគាត់បាននាំខ្ញុំទៅកន្លែងដែលមានតែនៅអាមេរិកទេ ដែលជាកន្លែងដែលខ្ញុំធ្លាប់ឃើញតែនៅលើ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ។ “វាដូចជាសុបិនក្លាយជាការពិតនៅពេលដែលបានទៅ និងឃើញកន្លែងទាំងនោះជាលើកដំបូង។ សម្រាប់​ខ្ញុំ ការ​ឃើញហាង McDonald's ដែលគេបើកឡានចូលទៅទិញបាន​ជា​លើក​ដំបូង​គឺ​ពិតជាឡូយ​ណាស់»។

 ការចងចាំដែលជាទីពេញចិត្តបំផុតរបស់ជីហុក គឺការធ្វើដំណើរទៅជិះស្គីជាមួយគ្រួសារចិញ្ចឹមនៅឯខូរ៉ូរ៉ាដូកាលពីរដូវរងារឆ្នាំមុន។ 

ជីហុកបាន​បន្ថែម​ទៀតថា៖ «នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​បាន​ឃើញ​ព្រិលទឹកកក ហើយខ្ញុំ​បានទៅ​ជិះ​ស្គី​ពីលើ​កំពូល​ភ្នំ។ វាហាក់ដូចជាសេចក្តីរំភើបទាំងអស់ដែលខ្ញុំទទួលបាននៅក្នុងពេលតែមួយ»។

រឿងល្អបំផុតនៃឆ្នាំផ្លាស់ប្តូរការសិក្សារបស់ជីហុកនៅសហរដ្ឋអាមេរិកបានកើតឡើងនៅចុងឆ្នាំ នៅពេលដែលគេត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់សិស្សឆ្នើមប្រចាំឆ្នាំរបស់អាយស៊ីអ៊ីអេស (ICES Student of the Year) ដែលជាការទទួលស្គាល់ដ៏មានកិត្យានុភាពរបស់បណ្តាសិស្សផ្លាស់ប្តូរការសិក្សាអន្តរជាតិដែលបានបង្ហាញពីការចូលរួមដ៏ឆ្នើម និងភាពសកម្មរបស់ពួកគេក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ទទួលបានពានរង្វាន់នេះ ជីហុកក៏មានអារម្មណ៍សោកសៅផងដែរដែលឆ្នាំផ្លាស់ប្តូរការសិក្សារបស់គាត់នៅសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ទោះបីជាគាត់បានរំពឹងបែបនេះទុកមុនក៏ដោយក្ដី។ គាត់ក៏បាន​ហោះ​ត្រលប់មក​កម្ពុជា​វិញនៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ។ 

ជីហុកបានរំឮកដែរថា៖ ខ្ញុំបានយំនៅអាកាសយានដ្ឋានខណៈដែលខ្ញុំធ្វើការលាទៅកាន់គ្រួសារចិញ្ចឹមរបស់ខ្ញុំ ហើយ Tricia ដែលជាម្តាយចិញ្ចឹមរបស់ខ្ញុំក៏បានយំផងដែរ ។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​ទទួល​យក​ថា​ឆ្នាំ​ផ្លាស់ប្តូរការសិក្សាត្រូវ​បាន​បញ្ចប់ ហើយ​មិន​មាន​អ្វី​ដែលគួរ​ឱ្យ​សោក​ស្តាយ​ឡើយ»។

ក្រោយពីត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ ជីហុកបានវិលមកថ្នាក់រៀនរបស់គាត់វិញនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយមិត្តរួមថ្នាក់ និងមិត្តភក្តិរបស់គាត់ទាំងអស់បានកត់សម្គាល់ពីភាពខុសប្លែករបស់គាត់។ ក្រៅពីសាច់ដុំដ៏រឹងមាំដែលគាត់មាន គាត់ក៏មានភាពចាស់ទុំ មានទំនុកចិត្តលើខ្លួនឯង និងបើកចិត្តទូលាយជាងមុន។ 

ជីហុកនិយាយថា៖«ខ្ញុំមានការប្រែប្រូលជាច្រើនទៅលើអត្តចរិតរបស់ខ្ញុំ។ ខ្ញុំមានការ​បើក​ចិត្ត​ទូលាយ​ជាង​មុន និង​កាន់តែរួសរាយ»។ 

គាត់បន្តថា៖ «មុនពេលដែលខ្ញុំទៅអាមេរិក ខ្ញុំជាមនុស្សដែលចូលចិត្តសម្ងំនៅតែម្នាក់ឯង។ ខ្ញុំស្ទើរតែមិនអាចនិយាយអ្វីទៅកាន់អ្នកណាម្នាក់បាន គ្រប់ពេលដែលខ្ញុំទៅកន្លែងផ្សេងៗ ខ្ញុំតែងតែគិតទៅលើអ្វីដែលមនុស្សដទៃគិតមកលើខ្ញុំ។ ពេល​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ អ្វីៗ​ទាំង​អស់​នោះលែងមានទៀតហើយ»។

សូម្បីតែម្តាយរបស់គាត់ គឺអ្នកស្រី អ៊ឹង សាយហ្គិច ដែលពីដំបូងមានការព្រួយបារម្ភចំពោះការធ្វើដំណើររបស់កូនប្រុសគាត់ទៅសហរដ្ឋអាមេរិកជាខ្លាំង តែក្រោយមកគាត់ក៏បានផ្លាស់ប្តូរចិត្តបន្ទាប់ពីបានឃើញការយកចិត្តទុកដាក់យ៉ាងដិតដល់ទៅលើជីហុកដែលផ្ដល់ដោយអាយស៊ីអ៊ីអេស និងគ្រួសារចិញ្ចឹមរបស់គាត់។

អ្នកស្រីបន្តថា ៖« ឥឡូវនេះជីហុកបានក្លាយជាអ្នកនិយាយដែលបើកចំហ និងមានទំនុកចិត្តលើខ្លួនឯង។ គាត់ក៏បានប្រែក្លាយខ្លួនទៅជាអ្នកដែលចេះគិតដ៏ល្អម្នាក់ដែលបានបង្ហាញតាមរយៈភាពចាស់ទុំនៅក្នុងពាក្យសម្តីរបស់គាត់» ។

ទោះបីជាមានភាពខុសប្លែកគ្នាក្នុងការសិក្សារវាងវិទ្យាល័យនៅសហរដ្ឋអាមេរិក និងកម្ពុជាក៏ដោយក្ដី ក៏ជីហុកកំពុងតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងជីវិតសិក្សារបស់គាត់នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

គាត់បាននិយាយ​ថា​៖ «​ខ្ញុំនៅតែ​និយាយ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​ដូច​ធម្មតា ទោះបីជា​ពួកគេនិយាយថា​ខ្ញុំ​ផ្លាស់ប្តូរ​ច្រើន​ក៏ដោយ​។ “ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មិន​ពិបាកក្នុងការសម្របខ្លួននោះ​ទេ។ សម្រាប់​ការ​សិក្សា​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ខិត​ខំប្រឹងប្រែង​សិក្សា»។

ថ្វីត្បិតតែចូលថ្នាក់ទី១២ហើយក៏ដោយ ក៏ជីហុកមិនទាន់សម្រេចចិត្តថាចង់រៀននៅមហាវិទ្យាល័យណាមួយនៅឡើយទេ ប៉ុន្តែគាត់ស្រមៃថាចង់ទៅសិក្សានៅបរទេសម្តងទៀតនៅថ្ងៃណាមួយ។

យុវសិស្សជីហុកបង្ហាញ​ថា៖ «សម្រាប់​គម្រោងការ​ក្នុងពេលខ្លី គឺខ្ញុំ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សម្ភាសន៍​នៅ​ក្លឹប​អ្នក​កាសែត​ដែល​ឥឡូវនេះកំពុង​ពេញ​និយម​ខ្លាំងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បង្កើត​អ្វី​ដែល​ថ្មី​ដូច​ជា​វីដេអូ​ព័ត៌មាន​ដើម្បី​ចែក​រំលែក​ចំណេះដឹង​របស់​ខ្ញុំ ​ឬ​ចំណេះដឹង​របស់​អ្នក​ដទៃ​ទៀត​ដល់​​យុវវ័យ​កម្ពុជា»។   

ក្នុងនាមជាអ្នកនាំផ្លូវដំបូងនៃកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា ជីហុកបានខិតខំប្រឹងប្រែងដើម្បីជួយផ្សព្វផ្សាយកម្មវិធីផ្លាស់ប្តូរសិក្សា និងលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យបន្តបទពិសោធន៍ផ្លាស់ប្តូរការសិក្សានេះនៅក្នុងជីវិត។  

ជីហុកក៏បានបន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​ពិតជាចង់​ណែនាំ​អ្នក​រាល់​គ្នាដែលសិក្សា​នៅថ្នាក់​វិទ្យាល័យ​បាន​ចាប់​យក​ឱកាស​នេះ​ដូចខ្ញុំដែរ។ សម្រាប់ខ្ញុំ គ្មានអ្វីសប្បាយជាងការទៅសិក្សានៅក្រៅប្រទេសទាន់ពេលអ្នកនៅក្មេងនោះទេ»។

បានន័យថា ឱកាសនេះបានបើកភ្នែករបស់អ្នកដើម្បីមើលឃើញរឿងជាច្រើន ហើយបានឱ្យអ្នកចេះសម្របខ្លួនទៅនឹងមជ្ឈដាន្ឋដែលប្រើប្រាស់ភាសាអង់គ្លេស ក៏ដូចជាអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែប្រសើរឡើង!។    

វាមិនទាន់យឺតពេលទេក្នុងការដែលអ្នកចង់ដើរតាមគន្លងរបស់ជីហុក ហើយចូលរួមដំណើរផ្សងព្រេងដ៏រំភើបនៅក្រៅប្រទេសនេះ! អ្នកអាចធ្វើការចុះឈ្មោះសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេសជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ឥឡូវនេះ! ត្រូវចងចាំថា អ្នកមានយុវភាពតែម្តងតែប៉ុណ្ណោះសម្រាប់ឱកាសមួយនេះ!  

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​ទៅសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឯបរទេស​ជាមួយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​ក៏ដូចជា​តម្លៃ​សេវាកម្ម​ ​និង​ដំណើរការ​ដាក់ពាក្យ​ ​សូម​ទាក់ទង​មក​កាន់លេខ​ ​០​៦១ ៩២៤ ១៤១​ ​ឬ​០​៩​៨​ ​៦​៨​៦​ ​៩​០​១​។​ ​ដើម្បី​មាន​សិទ្ធិចូលរួម​ ​អ្នក​ត្រូវតែ​ប្រលង​តេ​ស្ត​សមត្ថភាព​ភាសា​អង់គ្លេស​ដែល​ផ្តល់​ដោយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​និង​មានកំណត់​ត្រា​សិក្សា​ល្អ​ (​មធ្យម​ភាគ​និ​ទេ្ទស ​«​C​»​ ​នៅ​ក្នុង​មុខវិជ្ជា​សំខាន់​ៗ​សម្រាប់​រយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​)​។​ ​ចុះឈ្មោះ​ឥឡូវនេះ​ ​ដើម្បី​ធ្វើ​តេ​ស្ត​ភាសា​អង់គ្លេស​តាមរយៈ៖​ https://forms.gle/3qifKLu79f4hx5uB7 ៕