យុវតី សូណាឡែនជាសិស្សផ្លាស់ប្ដូរការសិក្សារបស់អាយស៊ីអ៊ីអេស (ខេមបូឌា) បានចែកចាយអំពីបទពិសោធរបស់នាងនៅសហរដ្ឋអាមេរិកបន្ទាប់ពីចំណាយពេលបានពាក់កណ្តាលនៃឆ្នាំផ្លាស់ប្ដូរការសិក្សារបស់នាង។
អស់រយៈពេល៥ ខែហើយចាប់តាំងពី សាំង សូណាឡែន ជាសិស្សផ្លាស់ប្តូរការសិក្សារបស់អាយស៊ីអ៊ីអេស (ខេមបូឌា) បានចាកចេញពីប្រទេសកម្ពុជាដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងដ៏រំភើបមួយនៅសហរដ្ឋអាមេរិក។ នាងបានចូលសិក្សានៅវិទ្យាល័យ Santa Fe រដ្ឋអូក្លាហូម៉ា សូណាឡែនមានភាពរីករាយនឹងឆ្នាំផ្លាស់ប្តូរការសិក្សារបស់នាងយ៉ាងខ្លាំង ហើយមកដល់ពេលនេះនាងមិនមែនជាក្មេងស្រីដែលមកថ្មីនៅក្នុងទីក្រុងនេះទៀតទេ។ បើសិនជាមិនមានការរំលឹកប្រាប់នោះទេ នាងប្រហែលជាភ្លេចថាឆ្នាំផ្លាស់ប្ដូការសិក្សារបស់នាងបានឈានមកដល់ពាក់កណ្តាលកម្មវិធីហើយ។
នៅសប្តាហ៍នេះ អាយស៊ីអ៊ីអេស (ខេមបូឌា) ធ្វើបទសម្ភាសជាមួយ សូណាឡែន ដើម្បីស្វែងយល់អំពីឆ្នាំផ្លាស់ប្តូរការសិក្សារបស់នាងនៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះ និងផលលំបាក ផ្សេងៗដែលនាងបានជួបប្រទះ។
អាយស៊ីអ៊ីអេស (ខេមបូឌា) ៖ អស់រយៈពេល៦ខែហើយចាប់តាំងពីប្អូនបានចាកចេញពីប្រទេសកម្ពុជា។ តើប្អូនអាចពណ៌នាអំពីឆ្នាំផ្លាស់ប្តូរការសិក្សា និងបទពិសោធរបស់ប្អូនមកទល់ពេលនេះបានដែរ ឬទេ?
សូណាឡែន៖ បទពិសោធន៍របស់ខ្ញុំកន្លងមកនេះគឺវាមានភាពអស្ចារ្យណាស់។ ទាំងគ្រួសារចិញ្ចឹម និងសាលារៀនរបស់ខ្ញុំ។ អំឡុងពេលនៃកម្មវិធីសិក្សានេះ ខ្ញុំបានរៀនស្វែងយល់ជាច្រើនទាំងផ្នែកសិក្សាអប់រំ និងផ្នែកក្នុងសង្គមផងដែរ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ រហូតមកដល់ពេលនេះ តើអនុស្សាវរីយ៍អ្វីខ្លះដែលប្អូនពេញចិត្តក្នុងការរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិក?
សូណាឡែន៖ ការចងចាំដែលខ្ញុំចូលចិត្តរហូតមកដល់ពេលនេះ គឺការឈប់សម្រាកនារដូវរងា ដែលរួមមានទាំងបុណ្យណូអែល និងឆ្លងឆ្នាំសកល។ ខ្ញុំបានទទួលអំណោយជាច្រើនពីគ្រួសារចិញ្ចឹមរបស់ខ្ញុំ ក៏ដូចជាសាច់ញាតិរបស់ពួកគាត់ផងដែរ ដែលខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំង។ ខ្ញុំក៏បានចំណាយពេលជាច្រើនជាមួយពួកគាត់ ក៏ដូចជាមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់អាមេរិកផងដែរ។ ម្យ៉ាងទៀត វាក៏ជាបទពិសោធលើកដំបូងរបស់ខ្ញុំក្នុងការឃើញព្រិលទឹកកកនៅថ្ងៃចូលឆ្នាំសកលដែលបន្ថែមភាពស្រស់បំព្រងសម្រាប់ការពិសារអាហារពេលល្ងាចជាមួយគ្រួសារចិញ្ចឹមរបស់ខ្ញុំ ហើយអ្វីដែលពិសេសនោះគឺខ្ញុំបានលេងព្រិលទឹកកកជាមួយឆ្កែរបស់គ្រួសារចិញ្ចឹមរបស់ខ្ញុំ ឈ្មោះ Finn។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើផ្នែកមួយណានៃកម្មវិធីផ្លាស់ប្តូរការសិក្សាដែលប្អូនចូលចិត្តបំផុត?
សូណាឡែន៖ ផ្នែកដែលខ្ញុំចូលចិត្តបំផុតនៃកម្មវិធីគឺពេលវេលាដែលខ្ញុំបានចំណាយជាមួយគ្រួសារចិញ្ចឹមរបស់ខ្ញុំ ក៏ដូចជាមេរៀន និងបទពិសោធដែលខ្ញុំបានរៀន។ ខ្ញុំចូលចិត្តនិយាយជាមួយឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ ក៏ដូចជាលេងជាមួយឆ្កែរបស់ពួកគាត់។ ខ្ញុំប្រាកដថានេះជាអ្វីដែលខ្ញុំនឹងនឹកខ្លាំងបំផុតពេលត្រឡប់មកប្រទេសកម្ពុជាវិញ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើអ្វីដែលជាបញ្ហាប្រឈមដ៏លំបាកបំផុតដែលប្អូនបានជួបប្រទះក្នុងអំឡុងពេលរស់នៅសហរដ្ឋអាមេរិក? ហើយតើប្អូនបានយកឈ្នះវាដោយរបៀបណា?
សូណាឡែន៖ ការលំបាកមួយដែលខ្ញុំបានជួបប្រទះនៅសហរដ្ឋអាមេរិក គឺកាលពីដំបូងខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសូវចុះសម្រុងជាមួយអ្នកដទៃ។ ខ្ញុំបានព្យាយាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗ ដូចជាអ្នកសម្របសម្រួលក្នុងតំបន់របស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំនៅសាលា។ លើសពីនេះ ខ្ញុំបាននិយាយ និងបង្ហាញអារម្មណ៍ទៅកាន់ជំនួយការផ្ទាល់ខ្លួនរបស់ខ្ញុំ នោះគឺឆ្កែ Finn ព្រោះគាត់ចេះតែស្តាប់តែមិនអាចនិយាយត្រឡប់មកវិញបានទេ (និយាយទាំងសើច)។ ខ្ញុំក៏បានរៀនស្វែងយល់ថាជនជាតិអាមេរិកភាគច្រើនមានលក្ខណៈបើកចំហរចិត្តទូលាយ និងទទួលយកការបញ្ចេញមតិពីអ្នកដទៃ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូននឹកអ្វីជាងគេអំពីប្រទេសកំណើតរបស់ប្អូន? ហើយពេលដែលប្អូននឹកផ្ទះ តើប្អូនធ្វើយ៉ាងដូចម្ដេច?
សូណាឡែន៖ អ្វីដែលខ្ញុំនឹកបំផុតអំពីប្រទេសកំណើតរបស់ខ្ញុំគឺជនជាតិខ្មែរ និងអាហារខ្មែរ។ នៅពេលដែលខ្ញុំនឹកផ្ទះ ខ្ញុំបានទូរសព្ទទៅឪពុកម្តាយបង្កើតរបស់ខ្ញុំដើម្បីសួរសុខទុក្ខគ្នា និងទិញអាហារបែបអាស៊ី ដូច្នេះយ៉ាងហោចណាស់ខ្ញុំមានអារម្មណ៍ថានៅមានការផ្សារផ្ចាប់ទំនាក់ទំនងជាមួយគ្នា។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូនប្រៀបធៀបជីវិតរបស់ប្អូននៅសហរដ្ឋអាមេរិកពេលនេះជាមួយនឹងជីវិតរបស់ប្អូននៅកម្ពុជាយ៉ាងដូចម្ដេចដែរ?
សូណាឡែន៖ ខ្ញុំបានផ្លាស់ប្តូរយ៉ាងច្រើនចាប់តាំងពីខ្ញុំមកសហរដ្ឋអាមេរិក ហើយខ្ញុំក៏បានឮអ្នកដទៃបញ្ចេញយោបល់អំពីខ្ញុំដែរ។ ពេលនេះខ្ញុំកាន់តែនិយាយច្រើនជាងមុន ហើយខ្ញុំលែងខ្លាចឆ្កែទៀតហើយ ឥឡូវនេះខ្ញុំស្រឡាញ់ឆ្កែខ្លាំងណាស់។ ខ្ញុំមិនសូវខ្លាចក្នុងការបញ្ចេញយោបល់របស់ខ្ញុំទេ ហើយខ្ញុំហ៊ាននិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូនមានមតិយោបល់ ឬការណែនាំអ្វីសម្រាប់សិស្សផ្លាស់ប្តូរការសិក្សារបស់អាយស៊ីអ៊ីអេស (ខេមបូឌា) ជំនាន់ក្រោយដែរ ឬទេ?
សូណាឡែន៖ ចំពោះសិស្សានុសិស្សជំនាន់ទី៣ ដែលនឹងចាកចេញនៅខែសីហាខាងមុខនេះ ខ្ញុំចង់និយាយថាប្អូនៗនឹងអាចធ្វើខុសច្រើន ប៉ុន្តែវាក៏បានបង្ហាញឱ្យយើងស្គាល់ពីខ្លួនឯងឱ្យកាន់តែច្បាស់។ កុំខ្លាចក្នុងការធ្វើខុស ឬសួរសំណួរឡើយ។ លើសពីនេះ ក៏មានភាពខុសប្លែកគ្នាជាច្រើននៃវប្បធម៌ និង របៀបរស់នៅរបស់ជនជាតិអាមេរិក ដូចជាប្រភេទអាហារ និងសូម្បីតែឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ!
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ទៅលើកម្មវិធីផ្លាស់ប្តូរការសិក្សា ប៉ុន្តែនៅមានការស្ទាក់ស្ទើរក្នុងការចូលរួម ខ្ញុំចង់ចែករំលែកថា អ្នកនឹងទទួលបានជំនួយជាច្រើន ហើយអ្នកនឹងរៀនបានយ៉ាងច្រើនក្នុងអំឡុងឆ្នាំផ្លាស់ប្តូរការសិក្សារបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលព្យាយាមស្វែងយល់ពីវប្បធម៌ផ្សេងៗ ឬចង់ក្លាយជាមនុស្សមានអត្តចរិកចាស់ទុំ អ្នកគួរតែចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យរបស់អាយស៊ីអ៊ីអេស (ខេមបូឌា)។
ឆ្នាំផ្លាស់ប្តូរការសិក្សារបស់សូណាឡែន នឹងត្រូវបានបញ្ចប់ក្នុងរយៈពេលប្រាំមួយខែទៀត ប៉ុន្តែបទពិសោធ និងចំណេះដឹងដែលនាងទទួលបាននឹងនៅជាមួយនាងជារៀងរហូត។ ហើយអ្នកក៏អាចក្លាយជាអ្នកបន្ទាប់ដែរ! កុំរងចាំរហូតដល់សកលវិទ្យាល័យទើបទៅសិក្សានៅក្រៅប្រទេស។ អាយស៊ីអ៊ីអេស (ខេមបូឌា) អាចបង្ហាញផ្លូវដល់អ្នកបាន។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៦៨៦ ៩០១ ឬ០៦១ ៩២៤ ១៤១។ ដើម្បីចូលរួមចុះឈ្មោះបាន អ្នកត្រូវតែឆ្លងកាត់ តេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយអាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះឥឡូវនេះ ដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/3qifKLu79f4hx5uB7