យុវតី អមរា សិស្សអាយស៊ីអ៊ីអេស (ខេមបូឌា) ចែករំលែកបទពិសោធផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិក
ចាប់តាំងពីពេលចាកចេញពីប្រទេសកម្ពុជាក្នុងខែសីហា ឆ្នាំ២០២១ សម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាមក យុវតី ចំរើន អមរា សិស្សជំនាន់ទី២របស់អាយស៊ីអ៊ីអេស (ខេមបូឌា) បានចំណាយពេលជាងប្រាំមួយខែហើយ ដើម្បីសិក្សានៅវិទ្យាល័យ Foyil រដ្ឋអូក្លាហូម៉ា។ ឆ្លងកាត់រយៈពេលជាងកន្លះឆ្នាំនៃការក្រេបជញ្ជក់ចំណេះដឹងនៅទីនោះ អមរាពិតជាមានពេលវេលាដ៏រំភើបរីករាយជាច្រើនក្នុងការស្នាក់នៅ និងសិក្សានៅសហរដ្ឋអាមេរិក ហើយយុវសិស្សរូបនេះ នាំយកនូវរឿងរ៉ាវ និងបទពិសោធផ្សេងៗដើម្បីចែករំលែក។ ដូច្នេះ ក្នុងសប្តាហ៍នេះ អាយស៊ីអ៊ីអេស (ខេមបូឌា) បានធ្វើបទសម្ភាសមួយអំពីការសិក្សារបស់នាងរហូតមកដល់ពេលនេះ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ អស់រយៈពេលជាងប្រាំមួយខែហើយ ចាប់តាំងពីប្អូនចាកចេញពីប្រទេសកម្ពុជា។ ដូច្នេះតើប្អូនអាចពណ៌នាអំពីឆ្នាំផ្លាស់ប្តូរការសិក្សា និងបទពិសោធរបស់ប្អូនបានយ៉ាងដូចម្ដេច?
អមរា៖ ចំពោះខ្ញុំ កម្មវិធីផ្លាស់ប្តូរការសិក្សានេះពិតជាអស្ចារ្យណាស់។ ខ្ញុំបានជួបប្រទះរឿងដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមក ដូចជាការលេងកីឡា ព្រឹត្តិការណ៍ថ្មីៗនៅសាលា ការជួបជុំមិត្តភក្តិមកពីប្រទេសផ្សេងៗ ឬការទៅព្រះវិហារជាដើម។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ រហូតមកដល់ពេលនេះ តើអនុស្សាវរីយ៍អ្វីខ្លះដែលប្អូនពេញចិត្តក្នុងការស្នាក់នៅ និងសិក្សានៅសហរដ្ឋអាមេរិក?
អមរា៖ តាមពិតទៅ ខ្ញុំពិតជាពិបាកក្នុងការជ្រើសរើសណាស់ ប៉ុន្តែខ្ញុំអាចនិយាយបានថា ការលេងកីឡាក្នុងសាលា។ ពេលដែលខ្ញុំចាប់ផ្តើមលេងកីឡាបាល់បោះលើកដំបូង ខ្ញុំពិបាកបន្តិចក្នុងការសម្របខ្លួន និងបន្សាំខ្លួនទៅនឹងទម្លាប់ប្រចាំថ្ងៃ។ ក៏ប៉ុន្តែខ្ញុំពិតជាអរគុណមែនទែនដែលមានក្រុមកីឡា និងគ្រូបង្វឹក ដែលតែងតែនៅក្បែរខ្ញុំ។ ពួកគាត់គាំទ្រ និងលើកទឹកចិត្តដល់សមាជិកគ្រប់គ្នាឱ្យទទួលបានអារម្មណ៍ប្រសើរឡើងជារៀងរាល់ថ្ងៃ។ គ្រប់ពេល ការហ្វឹកហាត់កាន់តែមានភាពសប្បាយរីករាយ។ បើទោះជាពួកយើងលេងនៅក្នុងការប្រកួតប្រជែង ឬគ្រាន់តែជាការប្រកួតធម្មតាទូទៅក៏ដោយ ភាពរំភើបរីករាយក៏នៅតែមានផងដែរ។ លើសពីនោះទៀត ការប្រកួតលើកដំបូងរបស់ពួកយើង ពួកយើងទទួលបានចំណាត់ថ្នាក់លេខ២។ វាពិតជាអស្ចារ្យណាស់ ខ្ញុំមានមោទកភាពចំពោះក្រុមរបស់ខ្ញុំមែនទែន។ ហើយចុងសប្តាហ៍នេះ ពួកយើងទើបតែប្រកួតម្តងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ៤។ ការប្រកួតគឺពិតជាសប្បាយរីករាយណាស់។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើផ្នែកមួយណានៃកម្មវិធីផ្លាស់ប្តូរការសិក្សាដែលប្អូនចូលចិត្តបំផុត?
អមរា៖ ប្រសិនបើឱ្យខ្ញុំជ្រើសរើសផ្នែកមួយដែលខ្ញុំចូលចិត្ត ខ្ញុំគិតថាគឺការបង្កើតមិត្តភាពថ្មីមកពីជុំវិញពិភពលោក។ ហើយខ្ញុំបានរាប់អានពួកគេ និងសាកល្បងអ្វីៗដែលថ្មីជាមួយគ្នា។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូននឹកអ្វីជាងគេអំពីប្រទេសកំណើតរបស់ប្អូន? ហើយពេលដែលប្អូននឹកផ្ទះ តើប្អូនធ្វើយ៉ាងដូចម្ដេច?
អមរា៖ ខ្ញុំនឹកគ្រួសាររបស់ខ្ញុំ ជាពិសេសគឺម្ហូបខ្មែរ។ ហើយនៅពេលដែលខ្ញុំនឹកផ្ទះ ខ្ញុំទូរសព្ទទៅនិយាយជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ មិនតែប៉ុណ្ណោះ ខ្ញុំក៏បានចែករំលែកអំពីសកម្មភាពរាល់ថ្ងៃរបស់ខ្ញុំជាមួយពួកគាត់ផងដែរ។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូនមានមតិយោបល់ ឬការណែនាំអ្វីសម្រាប់សិស្សផ្លាស់ប្តូរការសិក្សាតាមរយៈអាយស៊ីអ៊ីអេស (ខេមបូឌា) ជំនាន់ក្រោយ?
អមរា៖ ខ្ញុំចង់ប្រាប់ទៅកាន់សិស្សជំនាន់ក្រោយថា កុំខ្លាចឱ្យសោះក្នុងការសាកល្បងអ្វីដែលថ្មី។
អាយស៊ីអ៊ីអេស (ខេមបូឌា)៖ តើប្អូនអាចចែករំលែកអ្វីខ្លះ សម្រាប់សិស្សានុសិស្សផ្សេងទៀតដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា?
អមរា៖ នេះជាបទពិសោធម្តងក្នុងមួយជីវិត ហើយខ្ញុំរីករាយណាស់ដែលខ្ញុំបានទទួលនូវបទពិសោធទាំងនេះ ក៏ដូចជាមិត្តភាពទាំងអស់ដែលខ្ញុំបានបង្កើត។ វាពិតជាអស្ចារ្យណាស់ ដោយអ្នកមិនអាចនឹងជួបនៅកន្លែងផ្សេងនោះទេ។ ពេលនេះ ខ្ញុំអាចមើលឃើញអ្វីៗខុសប្លែកពីមុនជាច្រើន។ ខ្ញុំមានភាពចាស់ទុំច្រើន ហើយខ្ញុំទទួលអារម្មណ៍ថាខ្ញុំមានភាពឯករាជ្យ និងបើកចិត្តទូលាយជាងមុន។ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មីទៀតឡើយ។
ការធ្វើដំណើរផ្សងព្រេងនៅប្រទេសដ៏ធំដែលមានជាតិសាសន៍ចម្រុះ និងវប្បធម៌ជាច្រើន ផ្តល់ឱ្យអ្នកនូវរឿងរ៉ាវជាច្រើនសម្រាប់ការចងចាំពេញមួយជីវិត។ ហើយអ្នកក៏អាចធ្វើដូច្នោះបានដែរ។ កុំរង់ចាំដល់សាកលវិទ្យាល័យទើបសម្រេចចិត្តទៅសិក្សានៅក្រៅប្រទេស។ អាយស៊ីអ៊ីអេស (ខេមបូឌា) នៅទីនេះដើម្បីបង្ហាញផ្លូវដល់អ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៩៨ ៦៨៦ ៩០១ ឬ០៦១ ៩២៤ ១៤១។ ដើម្បីមានសិទ្ធិចូលរួម អ្នកត្រូវតែឆ្លងកាត់ ការតេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយអាយស៊ីអ៊ីអេស (ខេមបូឌា) និងកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ)។ ចុះឈ្មោះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/kssVi53beRzEQYmY6. https://forms.gle/kssVi53beRzEQYmY6.