Enter your keyword

Life changing-experience after a year of studying in the U.S. through ICES!

បទពិសោធដែលមិនអាចបំភ្លេចបានរបស់សិស្ស ICES ក្រោយពីបញ្ចប់កម្មវិធីផ្លាស់ប្តូរការសិក្សា នៅសហរដ្ឋអាមេរិក

យុវតី សាំង សុណាឡែន និងសំអាត រ័ត្នរាជិនី ដែលបានទៅធ្វើការផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសតាមរយៈកម្ម អាយស៊ីអុីអេស (ខេមបូឌា) កាលពីខែសីហាឆ្នាំមុន ទីបំផុតបានធ្វើមាតុភូមិនិវត្តវិញហើយ ជាមួយនឹងបទពិសោធដ៏អស្ចារ្យនឹងមានអត្ថន័យសម្រាប់ជីវិត ដោយពួកគេទទួលជោគជ័យក្នុងឆ្នាំសិក្សារបស់ខ្លួន នៅប្រទេសធំទីបីរបស់ពិភពលោក គឺសហរដ្ឋអាមេរិក។
ក្រោយចំណាយពេលវេលាសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជាថ្មីៗ និងឈ្វេងយល់ពីវប្បធម៌ដ៏ច្រើនសម្បូរបែបនៅទីនោះ យុវតីទាំងពីររូបបាននាំយកចំណេះដឹងពោរពេញដោយបទពិសោធយ៉ាងច្រើន ត្រលប់មកប្រទេសកំណើតវិញ ជាមួយមោទនភាពសម្រាប់ក្រុមគ្រួសារ សង្គម និងប្រទេសជាតិ។

តាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់ យុវតី សុណាឡែន ដែលចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក ជាសិស្សនៅវិទ្យាល័យ Santa Fe ក្នុងរដ្ឋ Oklahoma ពិតជាមានភាពខុសប្លែក និងគួរឱ្យចាប់អារម្មណ៍ណាស់។ វាបានធ្វើឱ្យនាងអភិវឌ្ឍខ្លួនឯងបានកាន់តែច្រើន ដែលនាំឱ្យយុវតីរូបនេះកាន់តែមានភាពចាស់ទុំ និងមានទំនុកចិត្ត។
សុណាឡែន បាននិយាយថា «កាលពីមុន ខ្ញុំធ្លាប់តែជាមនុស្សអៀនច្រើន ប៉ុន្តែបច្ចុប្បន្នខ្ញុំមានទំនុកចិត្តខ្ពស់លើការសន្ទនា។ ខ្ញុំទទួលបានភាពជឿជាក់ ហើយខ្ញុំបើកចិត្តទូលាយជាងមុន និងដឹងអំពីរបៀបរស់នៅបច្ចុប្បន្ន ក៏ដូចជារឿងរ៉ាវជាច្រើនទៀត។ ខ្ញុំក៏បានចូលរួមក្នុងសហគមន៍កាន់តែច្រើន ដោយបានស្គាល់ពីមនុស្សដែលខ្ញុំនឹងអាចរក្សាទំនាក់ទំនងជាមួយជារៀងរហូត»។

ដោយឡែក យុវសិស្ស រ័ត្នរាជិនី សិស្សអាយស៊ីអ៊ីអេស (ខេមបូឌា) ម្នាក់ទៀត ដែលបានទៅសិក្សានៅសាលា Fennimore Community ក្នុងរដ្ឋ Wisconsin ក៏បានទទួលបទពិសោធជីវិតដ៏ល្អផងដែរ។ យុវតីរូបនេះបានចែករំលែកថា «ខ្ញុំបានក្លាយជាមនុស្សឯករាជ្យ បើកចិត្តទូលាយ និងមានភាពចាស់ទុំជាងមុន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដឹងកាន់តែច្រើនអំពីអ្វីដែលកំពុងកើតឡើងនៅជ្រុងម្ខាងទៀតនៃពិភពលោក ដូច្នេះនេះគឺជាបទពិសោធល្អណាស់»។

ក្រៅពីបទពិសោធជីវិតដែលមិនអាចកាត់ថ្លៃបាន ពួកគេក៏បានអភិវឌ្ឍចំណេះដឹងផ្នែកបញ្ញា ស្មារតី និងភាពប្រសើរឡើងនៃជំនាញភាសារបស់ពួកគេ។ ខណៈពេលនៃការផ្សងព្រេង និងដំណើរកម្សាន្តដ៏គួរឱ្យរំភើប បានក្លាយជាផ្នែកមួយនៃការចងចាំ និងជាពេលវេលាដ៏មានអត្ថន័យក្នុងរយៈពេលនៃឆ្នាំសិក្សារបស់ពួកគេ។

រ័ត្នរាជិនី បង្ហាញអារម្មណ៍របស់ខ្លួនដោយស្នាមញញឹមថា «គ្រប់យ៉ាងនៃបទពិសោធរបស់ខ្ញុំ គឺមិនអាចបំភ្លេចបាននោះទេ ប៉ុន្តែអ្វីដែលខ្ញុំចងចាំបំផុត គឺនៅពេលដែលខ្ញុំបានទៅ Universal Studios នៅទីក្រុង Orlando រដ្ឋ Florida ក្នុងអំឡុងពេលថ្មីៗ មិនតែប៉ុណ្ណោះគ្រួសារចិញ្ចឹមរបស់ខ្ញុំបាននាំខ្ញុំទៅ The Wizarding World of Harry Potter ក្នុងឱកាសបុណ្យណូអែល ហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែន។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា សុបិនទាំងអស់របស់ខ្ញុំបានក្លាយជាការពិត»។

ដោយឡែកយុវតី សុណាឡែន បទពិសោធដ៏គួរឱ្យចងចាំរបស់នាង គឺដំណើរកម្សាន្តនៅរដ្ឋធានី Washington D.C និងកន្លែងផ្សេងៗទៀតជាមួយគ្រួសារចិញ្ចឹម។ នាងបាននិយាយដោយពេញចិត្តថា «ខ្ញុំបានទទួលបទពិសោធនៃដំណើរកម្សាន្តក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក (Washington D.C) ហើយបានឃើញអគាររដ្ឋាភិបាល និងវិមានជាតិជាច្រើន ព្រោះពីមុនខ្ញុំធ្លាប់តែបានឃើញតាមទូរទស្សន៍ប៉ុណ្ណោះ»។
ទោះបីជាត្រូវត្រលប់មកប្រទេសកំណើតវិញ ការលាគ្នាជាមួយគ្រួសារចិញ្ចឹម នេះគឺជាពេលវេលាដ៏ក្រៀមក្រំមួយរបស់យុវតីទាំងពីរ ក៏ប៉ុន្តែពួកគេនៅតែចងចាំអំពីប្រព័ន្ធអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ម្ហូបអាហារ និងរបៀបរស់នៅដែលខុសពីប្រទេសកំណើតរបស់ពួកគេផងដែរ។

ទន្ទឹមនឹងសមិទ្ធផលទាំងឡាយដែលយុវសិស្សអាយស៊ីអ៊ីអេស (ខេមបូឌា) ទទួលបាន ចុងក្រោយនេះ ពួកគេក៏បានឆ្លៀតផ្តល់ដំបូន្មានទៅកាន់សិស្សជំនាន់ក្រោយផងដែរ។
រ័ត្នរាជិនី បានលើកឡើងថា «នេះគឺជាការបោះជំហានដ៏ធំមួយ ហើយវានឹងបន្សល់ទុកនូវឥទ្ធិពលដ៏ធំធេងដល់ជីវិតរបស់អ្នក។ ពេលខ្លះវាហាក់ដូចជាពិបាកមែន ប៉ុន្តែខ្ញុំជឿថា វានឹងមានតម្លៃសម្រាប់អ្នក។ ពេលដែលអ្នកនៅទីនោះ សូមរីករាយគ្រប់ពេលវេលា ហើយកុំយកពេលវេលារបស់អ្នកបំផ្លាញចោលអី ព្រោះនៅពេលដែលអ្នកចាកចេញ អ្នកនឹងនឹកអ្វីៗគ្រប់យ៉ាង និងនឹកមនុស្សគ្រប់គ្នា មិនថាអ្នកចង់ ឬអត់នោះទេ»។

ជាមួយគ្នា សុណាឡែន បានណែនាំថា «កុំយកពេលវេលាអ្នកធ្វើអ្វីដែលមិនមានប្រយោជន៍ ព្រោះការផ្លាស់ប្តូរការសិក្សា នឹងក្លាយជាពេលវេលាមួយក្នុងចំណោមពេលវេលាដ៏គួរឱ្យចងចាំបំផុតក្នុងជីវិតរបស់អ្នក»។
ពិតណាស់ ការត្រលប់មកប្រទេសកំណើតវិញ បន្ទាប់ពីការសិក្សានៅក្រៅប្រទេស អាចជារឿងដ៏រំភើបមួយសម្រាប់អ្នកសិក្សា ប៉ុន្តែអ្វីដែលកាន់តែរំភើបនោះគឺ អ្នកអាចនាំនូវបទពិសោធដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នក និងការចងចាំដ៏មានតម្លៃបំផុតមកជាមួយ។ លើសពីនេះ ប្រសិនបើអ្នកចាប់យកឱកាសដែលមិនអាចកាត់ថ្លៃបានក្នុងការក្លាយជាសិស្សរបស់អាយស៊ីអ៊ីអេស (ខេមបូឌា) នោះ អ្នកនឹងទទួលបានបទពិសោធល្អៗជាច្រើន។ ដូច្នេះតើអ្នកនៅរង់ចាំអ្វីទៀត? ចុះឈ្មោះសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយ អាយស៊ីអ៊ីអេស (ខេមបូឌា) ឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកអាចចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យជាមួយអាយស៊ីអ៊ីអេស (ខេមបូឌា) ព្រមទាំងតម្លៃសិក្សា និងដំណើរការដាក់ពាក្យសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០៩៨ ៦៨៦ ៩០១ ឬ០៦១ ៩២៤ ១៤១។
ដើម្បីចុះឈ្មោះចូលរួមបាន អ្នកត្រូវតែឆ្លងកាត់ការធ្វើតេស្តជំនាញភាសាអង់គ្លេសដែលផ្តល់ដោយអាយស៊ីអ៊ីអេស (ខេមបូឌា) និងមានកំណត់ត្រាសិក្សាល្អ (មធ្យមភាគនិទេ្ទស «C» លើមុខវិជ្ជាសំខាន់ៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ)។ ចុះឈ្មោះដើម្បីធ្វើតេស្តភាសាអង់គ្លេស៖ https://forms.gle/kssVi53beRzEQYmY6