Enter your keyword

Exchange Students from ICES Cambodia share their first Christmas Experience in the U.S.

សិស្សផ្លាស់ប្តូរការសិក្សារបស់ អាយស៊ីអ៊ីអេស (ខេមបូឌា) ចែករំលែកពីបទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យណូអែលជាលើកដំបូងរបស់ពួកគេនៅសហរដ្ឋអាមេរិក

នៅពេលដែលគេសួរទៅកាន់ជនជាតិអាមេរិកថា តើថ្ងៃបុណ្យមួយណាសំខាន់ជាងគេនៅក្នុងប្រទេសរបស់គាត់? ពិធីបុណ្យទីមួយដែលគាត់តែងតែគិតដល់មុនគេនោះគឺជាពិធីបុណ្យណូអែលដែលប្រារព្ធឡើងដើម្បីរម្លឹកពីការប្រសូតរបស់ព្រះយេស៊ូវ។

យោងតាមការស្រាវជ្រាវ ជនជាតិអាមេរិកប្រាំបួននាក់ក្នុងចំណោមដប់នាក់បាននិយាយថា ពួកគេប្រារព្ធពិធីបុណ្យណូអែល។ ទំនៀមទម្លាប់នៃពិធីបុណ្យណូអែលជាទូទៅត្រូវបានប្រារព្ធឡើងដោយអ្នកដែលមិនមែនជាអ្នកកាន់សាសនា ឬអ្នកជឿសាសនាណាមួយឡើយ ដូច្នេះហើយទើបធ្វើឱ្យទំនៀមទម្លាប់បុណ្យណូអែលមួយចំនួនបានក្លាយទៅជាប្រពៃណីរបស់ក្រុមគ្រួសារជនជាតិអាមេរិក។

ការដើរទិញឥវ៉ាន់សម្រាប់ពិធីបុណ្យណូអែលក្នុងខែធ្នូគឺជាសកម្មភាពចម្បងរបស់ជនជាតិអាមេរិកជាច្រើន។ ពួកគេបានជូនកាដូរទៅកាន់ក្មេងៗ សមាជិកក្នុងគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេផងដែរ។ ជនជាតិអាមេរិកភាគច្រើនក៏បានសរសេរកាតជូនពរផ្ញើទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលបុណ្យណូអែល។

ជនជាតិអាមេរិកតែងតែងតែរីករាយក្នុងការតុបតែងលម្អសម្រាប់ពិធីបុណ្យណូអែល។ ក្រុមគ្រួសារភាគច្រើនបានដាក់លម្អដើមណូអែលនៅក្នុងផ្ទះរបស់ពួកគេដោយមានចងភ្លើងតូចៗជុំវិញ។ ចំណែកឯកាដូ​ត្រូវ​បានគេ​ដាក់​នៅខាងក្រោម​ជុំវិញ​ដើម​ណូអែលទុកសម្រាប់បើកមើលនៅក្នុង​ថ្ងៃបុណ្យណូអែលតែម្ដង។


ការជួបជុំពិសារអាហារពេលល្ងាចក្នុងថ្ងៃបុណ្យណូអែលគឺជាផ្នែកធំមួយនៃប្រពៃណីបុណ្យណូអែលរបស់ជនជាតិអាមេរិក។ មិត្តភ័ក្តិ និងក្រុមគ្រួសារបានមកជួបជុំគ្នាសម្រាប់ពិធីជប់លៀង ហើយក៏បានទទួលទានសាច់ទួរគីជាមួយនំបុ័ង ដំឡូងបារាំងកិន ទឹកជ្រលក់ cranberry និងសាច់ហេម។ បន្ទាប់​មក​ពួក​គេ​ក៏មាន​​ជា​បង្អែម​​ដូច​ជា​បង្អែមផ្លែល្ពៅ ឬបង្អែម​នំផ្លែ​ប៉ោម។ ពិធីជប់លៀងពេលល្ងាចនឹងត្រូវបានបន្តដោយការលេងហ្គេម ឬសកម្មភាពសប្បាយៗផ្សេងទៀត។ សម្រាប់ជនជាតិអាមេរិក វាគឺពិតជា "ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ"។  

ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ សិស្សផ្លាស់ប្តូរការសិក្សាជំនាន់ទី៣របស់ អាយស៊ីអ៊ីអេស (ខេមបូឌា) ដែលកំពុងតែសិក្សានៅវិទ្យាល័យនៅសហរដ្ឋអាមេរិកបានបង្ហាញពីការប្រារព្ធពិធីបុណ្យណូអែលរបស់ជនជាតិអាមេរិក។ កាលពីសប្តាហ៍មុន ពួកគេទទួលបានបទពិសោធន៍យ៉ាងរីករាយជាមួយនឹងគ្រួសារចិញ្ចឹមរបស់ពួកគេ ហើយអ្វីដែលកាន់តែពិសេសនោះ គឺពួកគេអាចចែករម្លែករឿងរ៉ាវទាំងនោះនៅពេលដែលពួកគេត្រលប់មកប្រទេសកំណើតវិញ។

ទាំងនេះគឺជាពាក្យពេជន៍របស់ពួកគេដែលចែកចាយអំពីបទពិសោធន៍ក្នុងពិធីបុណ្យណូអែលនៅសហរដ្ឋអាមេរិក ៖

 

អៀ ជា​លាង​

ជាសិស្សសិក្សានៅវិទ្យាល័យ Mustang ក្នុងរដ្ឋអូក្លាហូម៉ា

បទពិសោធន៍ក្នុងពិធីបុណ្យណូអែលគឺអស្ចារ្យណាស់សម្រាប់ខ្ញុំ។ ខ្ញុំ និងគ្រួសារចិញ្ចឹមរបស់ខ្ញុំបានចម្អិនអាហារជាច្រើន ហើយយើងក៏បានវេចខ្ចប់កាដូ តុបតែងផ្ទះ ដើរទិញឥវ៉ាន់ និងធ្វើសកមក្មភាពផ្សេងៗទៀត។ ជនជាតិអាមេរិកចូលចិត្តរៀបចំកាដូនៅខាងក្រោមជុំវិញដើមណូអែល។ ដំបូង យើង​បានហែកកញ្ចប់កាដូ​ពី​ខាងក្រុមគ្រួសារឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​ បន្ទាប់​មកយើង​ក៏បាន​ហែកកញ្ចប់កាដូពីខាង​ក្រុម​គ្រួសារម្ដាយចិញ្ចឹមរបស់ខ្ញុំវិញម្ដង។ បន្ទាប់មកទៀត យើងក៏​បាន​ទៅជិះ​រថភ្លើងលេងនៅ The Polar Express។ នៅថ្ងៃបុណ្យណូអែល យើងបានទៅចូលរួមពិធីបុណ្យនៃពន្លឺនៅឯព្រះវិហារ។ លើសពីនេះ យើង​ពិតជា​មានភាពសប្បាយរីករាយ​ណាស់ក្នុងការរៀបចំកាដូបន្ថែមទៀត។ ខ្ញុំទទួលបានកាដូជាច្រើនពីគ្រួសារចញ្ចឹម និងសាច់ញាតិរបស់ពួកគេដូចជា៖ ស្ករគ្រាប់ អាហារសម្រន់ ស្រោមជើង កន្សែង គ្រឿងសម្អាង ទឹកជូតមុខ និងរបស់របរផ្សេងៗទៀត!

 

ចំរើន អមរា

ជាសិស្សសិក្សានៅវិទ្យាល័យ Foyil Claremore, ក្នុងរដ្ឋអូក្លាហូម៉ា

នៅពេលដែលរដូវកាល​បុណ្យ​ណូអែលចូល​មកដល់ ​ខ្ញុំ និងគ្រួសារចិញ្ចឹមរបស់ខ្ញុំ​បាន​តុបតែង​ផ្ទះ និង​លម្អដើម​ណូអែល។ នៅថ្ងៃបុណ្យណូអែល យើងមានការប្រកួតគ្នាធ្វើនំខ្ញី ហើយវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ។ នៅ​ព្រឹក​ថ្ងៃ​បុណ្យ​ណូអែល គ្រួសារ​ចិញ្ចឹមរបស់​ខ្ញុំ និង​ខ្ញុំ​បាន​ភ្ញាក់​ពី​ព្រលឹម​ដើម្បីហែកកញ្ចប់កាដូ។ យើងទាំងអស់គ្នាបានទទួលកាដូពីសាន់តា (Santa) ហើយក៏បានចំណាយពេលហែកកញ្ចប់កាដូឱ្យគ្នាទៅវិញទៅមក។ វាពិតជាពេលវេលាដ៏រីករាយណាស់។

 

សំអាត រ័ត្នរាជិនី

ជាសិស្សសិក្សានៅវិទ្យាល័យ Fennimore, រដ្ឋ Wisconsin

គ្រួសារចិញ្ចឹមរបស់ខ្ញុំ និងខ្ញុំបានទៅទិញដើមឈើលម្អសម្រាប់បុណ្យណូអែលជាមួយគ្នា។ យើង​បាន​តុបតែង​ដើមឈើណូអែល​ដោយ​ភ្លើងតូចៗ ស្កគ្រាប់ និងគ្រឿង​លម្អផ្សេងៗទៀត។ ម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​បាន​ធ្វើ​ប្រតិទិនក្នុងខែធ្នូដែល​ប្រើ​សម្រាប់​រាប់ថ្ងៃមកដល់នៃពិធីបុណ្យ​​ណូអែល។ ខ្ញុំ​បាន​ទទួល​ស្ករ​គ្រាប់ និង​របស់លេង​ជា​ច្រើន​មុន​ថ្ងៃបុណ្យ​ណូអែល។ ខ្ញុំ​ក៏​បាន​ជួយ​ម្តាយចិញ្ចឹមរបស់​ខ្ញុំក្នុងការវេចខ្ចប់កាដូ​សម្រាប់​អ្នក​រាល់​គ្នាផង​ដែរ។ នៅក្នុងសាលារៀន មិត្តភក្តិរបស់ខ្ញុំ និងខ្ញុំបានធ្វើជាសាន់តាលាក់មុខ (Secret Santa) ។ ក្នុងការធ្វើជាសាន់តាលាក់មុខ (Secret Santa) ខ្ញុំទទួលបានស្ករគ្រាប់ និងស្រោមជើងជាច្រើន។ ហើយក៏មានមនុស្សមួយចំនួនទៀតបានឱ្យខ្ញុំនូវស្ករគ្រាប់អាមេរិចបន្ថែមទៀតដើម្បីភ្លក្សរសជាតិថ្មី។ ខ្ញុំ​មិនមានការ​ត្អូញត្អែរ ឬនឿយហត់​ទេ ព្រោះ​ខ្ញុំ​ស្រឡាញ់​ក្នុងការ​សាកល្បងអ្វី​ដែលថ្មី។

 

 

សូណាឡែន សាំង

ជាសិស្សសិក្សានៅវិទ្យាល័យ Santa Fe ក្នុងរដ្ឋអូក្លាហូម៉ា

គ្រួសារចិញ្ចឹមរបស់ខ្ញុំ និងខ្ញុំ ព្រមទាំងឆ្កែពីរក្បាលទៀតបានប្រារព្ធពិធីបុណ្យណូអែលនៅឯផ្ទះ ហើយខ្ញុំទទួលបានកាដូជាច្រើនពីគ្រួសារចិញ្ចឹមរបស់ខ្ញុំ។ យើង​បាន​មើល​កុន​ជាមួយ​គ្នា ស្ដាប់ចម្រៀងណូអែល ចម្អិនអាហារ លេងហ្គេម ហើយតែងផ្ទះដែលធ្វើពីនំប៉័ងខ្ញីផងដែរ ប៉ុន្តែពួកយើង​មិន​បានវេចខ្ចប់កាដូនោះទេ។ គ្រួសាររបស់ម្តាយចិញ្ចឹមខ្ញុំនឹងមកលេងពួកយើងនៅក្នុងសប្តាហ៍នេះ ហើយខ្ញុំពិតជារំភើបណាស់ដែលបានជួបពួកគាត់។ 

 

ការចូលរួមក្នុងពិធីបុណ្យ និងការប្រារព្ធពិធីផ្សេងៗគឺជាអត្ថប្រយោជន៍យ៉ាងពិតប្រាកដមួយដែលភ្ជាប់មកតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សា បន្ថែមពីលើកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាការពង្រឹងជំនាញភាសាអង់គ្លេស និងការទទួលបានបទពិសោធន៍ការសិក្សាលក្ខណៈពិសេស។ ហើយអ្នកក៏អាចធ្វើវាបានដែរ ចុះឈ្មោះឥឡូវនេះ​សម្រាប់​កម្មវិធី​ផ្លាស់ប្តូរការសិក្សា​ជាមួយ អាយស៊ីអ៊ីអេស (ខេមបូឌា) ដើម្បីចូលរួម​ដំណើរ​ផ្សងព្រេង​ដ៏​រំភើប​នៅ​ឯបរទេស!

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​អ្នក​អាច​ទៅសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឯបរទេស​ជាមួយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​ក៏ដូចជា​តម្លៃ​សេវាកម្ម​ ​និង​ដំណើរការ​ដាក់ពាក្យ​ ​សូម​ទាក់ទង​មក​កាន់លេខ​ ​០​៦១ ៩២៤ ១៤១​ ​ឬ​០​៩​៨​ ​៦​៨​៦​ ​៩​០​១​។​ ​ដើម្បី​មាន​សិទ្ធិចូលរួម​ ​អ្នក​ត្រូវតែ​ប្រលង​តេ​ស្ត​សមត្ថភាព​ភាសា​អង់គ្លេស​ដែល​ផ្តល់​ដោយ​អាយស៊ីអ៊ីអេស (ខេមបូឌា) ​និង​មានកំណត់​ត្រា​សិក្សា​ល្អ​ (​មធ្យម​ភាគ​និ​ទេ្ទស ​«​C​»​ ​នៅ​ក្នុង​មុខវិជ្ជា​សំខាន់​ៗ​សម្រាប់​រយៈពេល​ ​៣​ ​ឆ្នាំ​ចុងក្រោយ​)​។​ ​ចុះឈ្មោះ​ឥឡូវនេះ​ ​ដើម្បី​ធ្វើ​តេ​ស្ត​ភាសា​អង់គ្លេស​តាមរយៈ៖​ https://forms.gle/3qifKLu79f4hx5uB7 ៕