Enter your keyword

My Exchange Year in America

បទពិសោធន៍នៃការផ្លាស់ប្តូរការសិក្សារបស់ខ្ញុំនៅសហរដ្ឋអាមេរិក

ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែចង់ធ្វើដំណើរទៅលេងសហរដ្ឋអាមេរិក។ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានឃើញតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ជាពិសេសតាម Youtube ខ្ញុំបានមើលវីដេអូ នៃការរស់នៅរបស់ប្រជាជននៅសហរដ្ឋអាមេរិក។ ខ្ញុំបានមើលវីដេអូគ្រប់ប្រភេទ មើលVlogs វីដេអូបង្រៀន វីដេអូហ្គេម និង ការផ្សាយ Podcasts ជាដើម។ ខ្ញុំបានឃើញជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ហើយខ្ញុំដឹងថា ខ្ញុំនឹងទៅលេងប្រទេសនោះនៅថ្ងៃណាមួយ ។

ក្នុងនាមជាសិស្សផ្លាស់ប្តូរការសិក្សាតាមរយៈ ICES Cambodia ដំបូងគេ នៅរដ្ឋអូក្លាហូម៉ា វាគឺជាពន្លឺដ៏ចែងចាំងបំផុតនៃជីវិតរបស់ខ្ញុំ ។ ខ្ញុំបានធ្វើឱ្យឪពុកម្តាយ និងខ្លួនខ្ញុំមានមោទនភាព។ នៅតាមផ្លូវទៅសហរដ្ឋអាមេរិក ខ្ញុំប្រាកដក្នុងចិត្តមួយរយភាគរយថា ខ្ញុំនឹងក្លាយជាមនុស្សផ្សេង នៅពេលបញ្ចប់កម្មវិធីផ្លាស់ប្តូរការសិក្សានេះ។ ពេលមកដល់រដ្ឋអូក្លាហូម៉ា ខ្ញុំត្រូវបានស្វាគមន៍ដោយម្ដាយចិញ្ចឹម ឈ្មោះ Tricia បងប្រុស Landon និងសិស្សផ្លាស់ប្តូរការសិក្សាមកពីប្រទេសអេស្ប៉ាញ ឈ្មោះ Daniela។ ពួកគេកាន់ប៉េងប៉ោងនិងសញ្ញាស្វាគមន៍ខ្ញុំ ដែលបានចូលមករស់នៅក្នុងក្រុមគ្រួសាររបស់ពួកគេ។ នៅតាមផ្លូវទៅផ្ទះ Tricia គាត់បានទិញប៊ឺហ្គឺរ និងភេសជ្ជៈឱ្យខ្ញុំញុំា។ ពេលយើងមកដល់ផ្ទះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញកូនឆ្កែពូជChihuahua ឈ្មោះ Diesel និងឆ្កែរោមវែងពូជ King Charles Cavalier ឈ្មោះ Bumpus ។ ខ្ញុំត្រូវបាននាំទៅបន្ទប់របស់ខ្ញុំនៅជាន់ខាងលើ ហើយយើងក៏បានចេញទៅលេងបាល់បោះ។ វាងងឹតនៅខាងក្រៅ ដូច្នេះខ្ញុំគិតថាផ្ទះនេះស្ថិតនៅឆ្ងាយដាច់ពីគេ តាមពិតវាស្ថិតនៅក្នុងសង្កាត់ដែលមានផ្ទះនៅជុំវិញយើងគ្រប់ទីកន្លែង។ ឪពុកចិញ្ចឹមរបស់ខ្ញុំ ឈ្មោះ Jay បានត្រលប់មកផ្ទះវិញជាមួយឡានដឹកទំនិញធុនធំរបស់គាត់ ហើយបានសួរសុខទុក្ខខ្ញុំ។ ខ្ញុំបានគេងលក់ភ្លាមៗនៅថ្ងៃនោះ។

ប្រសិនបើមានរឿងមួយដែលខ្ញុំគិតត្រូវនោះ គឺថាឆ្នាំផ្លាស់ប្តូរការសិក្សារបស់ខ្ញុំពិតជាពោរពេញដោយរឿងអស្ចារ្យជាច្រើន។ យើងបានធ្វើដំណើរទៅរដ្ឋជាច្រើន បានជួបមនុស្សថ្មីៗជាច្រើន និងទទួលបានបទពិសោធន៍ថ្មីៗថែមទៀតផង។ គ្រួសារចិញ្ចឹមរបស់ខ្ញុំ បាននាំខ្ញុំទៅរដ្ឋ Louisiana រដ្ឋ Florida រដ្ឋTexas រដ្ឋ Colorado រដ្ឋ New Jersey រដ្ឋ New York រដ្ឋ Philadelphia រដ្ឋ Maine រដ្ឋ Boston រដ្ឋ Vegas និងរដ្ឋមួយចំនួនទៀត។ ដំណើរកម្សាន្តដែលគួរឱ្យចងចាំបំផុតសម្រាប់ខ្ញុំ គឺទៅរដ្ឋ Colorado។ នៅខែមីនា ក្នុងអំឡុងពេលឈប់សម្រាកនានិទាឃរដូវ យើងបានទៅភ្នំ Copper នៅរដ្ឋ Colorado ដើម្បីជិះស្គីលើទឹកកក។ ការធ្វើដំណើរតាមយន្តហោះរបស់យើងត្រូវបានលុបចោល ដូច្នេះយើងបានធ្វើដំណើរតាមផ្លូវគោកជំនួសវិញ។ ខ្ញុំបានរៀនពីរបៀបជិះស្គីក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ហើយវាជា បទពិសោធន៍ដ៏រីករាយបំផុត។ នៅក្នុងរដ្ឋនីមួយៗ ខ្ញុំបានឃើញទិដ្ឋភាពប្លែកៗជាច្រើនរបស់សហរដ្ឋអាមេរិក ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារចិញ្ចឹមរបស់ខ្ញុំ ព្រោះខ្ញុំមិនអាចទៅលេងកន្លែងទាំងនោះបានទេប្រសិនបើគ្មានពួកគាត់។ ពេញមួយឆ្នាំនៃការផ្លាស់ប្តូរការសិក្សារបស់ខ្ញុំនៅ សហរដ្ឋអាមេរិក ខ្ញុំបានជួបមនុស្សអស្ចារ្យជាច្រើន ហើយក៏បានបង្កើតមិត្តភក្តិជាច្រើន។ ខ្ញុំបានដឹងថា កីឡាពិតជារឿងដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនចូលចិត្តកីឡា។ ខ្ញុំបានចូលរួមនៅក្នុងកីឡារត់ប្រណាំងនៅឯសាលា ហើយវាធ្វើឱ្យខ្ញុំមានកាយសម្បទារឹងមាំ និងមានភាពសប្បាយរីករាយក្នុងការហាត់ប្រាណ ។ ខ្ញុំក៏បានចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន ដែលពីមុន ខ្ញុំស្គាល់តែតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំបានប្រារព្ធពិធីបុណ្យ Halloween បុណ្យ Thanksgiving បុណ្យ Christmas និងទិវា ៤កក្កដា (ទិវាឯករាជ្យ) ។ ខ្ញុំបានញុំាអាហារម៉ិកស៊ិកូ ដែលខ្ញុំមិនធ្លាប់ញុំា ដែលវាជារឿងធម្មតានៅសហរដ្ឋអាមេរិក។ នៅប្រទេសកម្ពុជា មានអាកាសធាតុក្តៅ ហើយសើម និងភ្លៀង។ ប៉ុន្តែនៅពេលដែលខ្ញុំរស់នៅរដ្ឋអូក្លាហូម៉ា ខ្ញុំបានឃើញព្រិលជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំ ហើយក៏បានជួបព្យុះទឹកកកអាក្រក់មួយ ដែលអ្វីៗទាំងអស់ត្រូវបានកក ហើយគ្របដណ្ដប់ដោយទឹកកកទាំងអស់ ។

បន្ទាប់ពីរស់នៅបានរយៈពេល ៩ ខែ នៅរដ្ឋអូក្លាហូម៉ា ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរទាំងស្រុង។ វាបានផ្លាស់ប្តូរទាំងរូបរាង និងចិត្តគំនិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់ជាមនុស្សខ្មាស់អៀន និងកំសាកណាស់ នៅពេលខ្ញុំមកដល់សហរដ្ឋអាមេរិកដំបូង។ ខ្ញុំមិនសប្បាយចិត្តអំពីវាទេ ដូច្នេះខ្ញុំបានសម្រេចចិត្តដាក់ខ្លួនខ្ញុំក្នុងស្ថានភាព ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុន។ ខ្ញុំបានព្យាយាមនិយាយជាមួយមនុស្សផ្សេងៗតាមដែលអាចធ្វើបាន ហើយខ្ញុំក៏បានរៀនរស់នៅដោយមានភាពឯករាជ្យ។ ខ្ញុំបានរៀនសូត្រច្រើនពីមនុស្សផ្សេងៗគ្នា និងទស្សនវិស័យរបស់ពួកគេលើអ្វីមួយ។ ខ្ញុំបានផ្លាស់ប្តូររាងកាយរបស់ខ្ញុំទាំងស្រុង ដើម្បីមើលទៅមាំមួន បន្តិច។ ខ្ញុំកាន់តែមានទំនុកចិត្ត និងរីករាយជាងមុន។ យ៉ាងណាមិញ មេរៀនសំខាន់ៗដែលខ្ញុំបានរៀនក្នុងការផ្លាស់ប្តូរការសិក្សានេះ គឺត្រូវបើកចំហចំពោះអ្វីដែលថ្មី ហើយយើងត្រូវមានភាពវៀងវៃ ចំពោះមនុស្សដែលយើងអាចទុកចិត្តបាន។

បទពិសោធន៍ថ្មីៗទាំងអស់នេះ អាចធ្វើទៅបានដោយសារតែគ្រួសារចិញ្ចឹមរបស់ខ្ញុំ ជាពិសេសឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ គឺ Jay និង Tricia ។ ពួកគេជាវីរបុរស និងវីរនារី នៃឆ្នាំផ្លាស់ប្តូរការសិក្សារបស់ខ្ញុំ ហើយបានជួយខ្ញុំ បង្រៀនខ្ញុំនូវអ្វីៗជាច្រើន។ Tricia តែងតែចាំជួយខ្ញុំនៅពេលខ្ញុំមានបញ្ហាណាមួយ ហើយ Jay បានបង្រៀនខ្ញុំជាច្រើនអំពីការកសាងទម្លាប់ល្អ ផ្នត់គំនិត និងការរៀបចំលុយកាក់។ បងប្អូនចិញ្ចឹមរបស់ខ្ញុំ តែងតែបង្ហាញខ្ញុំនូវអ្វីដែលជាការពេញនិយមនៅសហរដ្ឋអាមេរិក និងបានលើកទឹកចិត្តខ្ញុំឱ្យធ្វើអ្វីថ្មី។ ចំណែកឯ Daniela ក៏បានបង្រៀនខ្ញុំឱ្យរៀនរស់នៅដោយសប្បាយចិត្ត។ វាពិតជាឆ្នាំដ៏អស្ចារ្យបំផុតសម្រាប់ជីវិតខ្ញុំ ៕

ដោយ យុវសិស្ស ហ្គូយ ជីហុក